នាព្រឹកថ្ងៃ សៅរ៍ ទី ២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ទៅផ្តល់ជូនរដ្ឋបាលស្រុក លើកដែក សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្តម បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ ក៏ដូចជាបងប្អូនក្នុងស្រុក លើកដែក ទាំងមូល និងបានមានមតិផ្តាំផ្ញើរដល់អាជ្ញាធរ÷
-ត្រូវបន្តអនុវត្តន៍ និងបង្កើនការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនអាជីវករលក់ដូរ ត្រូវបន្តអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ជាប់ជាប្រចាំ។
-អាជ្ញាធរ ត្រូវ បន្ថែមការគ្រប់គ្រងការចល័តរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងឃុំពាមរាំងដែលជាតំបន់ក្រហម និងតំបន់តំបន់លឿងទុំ ចៀសវាងការឆ្លងជាសហគមន៍មានទ្រង់ទ្រាយកាន់ធំ
-អាជ្ញាធរ ត្រូវបន្ថែមការយកចិត្តទុកដាក់ចំពោះការស្នាក់នៅ ចំណីអាហារដល់បងប្អូន ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានក៏ដូចជានៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងស្រុក។
-ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្តល់សេវាសាធារណ:ជូនបងប្អូនក្នុងមូលដ្ឋាន និងត្រូវថែរក្សាសុវត្ថិភាព និងសុខភាពបងប្អូនទាំងអស់គ្នា ពិសេសសុវត្ថិភាព របស់អាជ្ញាធរក៏ជាកត្តាចម្បងដែរ
ជាចុងបញ្ចប់ឯកឧត្តមបានជូនពរដល់ក្រុមការងារស្រុកមានសុខភាពល្អជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដើម្បី ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយសម្រេចបានជោគជ័យ បន្ថែមទៀត។
អំណោយដែលប្រគល់ជូននាពេលនោះរួមមាន :
– អង្ករចំនួន ១០០បាវ (២តោន)
– មីចំនួន ១០០កេស
– ត្រីខចំនួន ១០០យួរ
-ទឹកត្រី ទឹកសុីអុីវ ចំនួន ១០០យួរ
– ម៉ាស់ចំនួន ១០០ប្រអប់